ការទ្រទ្រង់សារណារបស់និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ជំនាន់ទី២៧ ថ្ងៃទី ៣-៤ ខែតុលា ឆ្នាំ២១០១៩
ថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០១៩
ថ្ងៃព្រហស្បតិ៍ ៥ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយមាន ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការនៃមហាវិទ្យាល័យបុរាណវិទ្យា បានរៀបចំការបង្ហាញស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រជំនាន់ទី២៧ របស់ខ្លួន ក្រោមអធិបតីភាព បើកឲ្យ ដំណើរការកម្មវិធីដោយ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម បណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
នេះជាលើកទី២៧ហើយ ដែលមហាវិទ្យាល័យបុរាណវិទ្យាបានប្រារព្ធពិធីទ្រទ្រង់សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្របុរាណវិទ្យាដល់និស្សិត គិតចាប់ពីការ បើកទទួលនិស្សិតឲ្យចូលមកសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យាឡើងវិញនាឆ្នាំ១៩៨៩។
មកដល់សព្វថ្ងៃ មហាវិទ្យាល័យមានគោលការណ៍រួមគឺ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងផ្នែកបុរាណវិទ្យានិងនរវិទ្យា ដើម្បីបម្រើក្នុងវិស័យ វប្បធម៌ជាតិ។ ក្រៅពីការបណ្តុះបណ្តាលនៅក្នុងសាកលវិទ្យាល័យ យើងក៏បានខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយ អង្គការ ស្ថាប័នជាតិ និងអន្តរជាតិនានា ដែលជាដៃគូ ដើម្បី ផ្តល់ជាចំណេះដឹង និងបទពិសោធន៍ការងារបន្ថែមទៀតដល់និស្សិតគ្រប់ជំនាន់។
គិតមកដល់ឆ្នាំសិក្សា២០១៨ កន្លងទៅ មហាវិទ្យាល័យបានបណ្តុះបណ្តាលអ្នកឯកទេសបុរាណវិទ្យាបានចំនួន ៧០២ រូប ដែលកំពុងបម្រើការងារ នៅក្នុងស្ថាប័នជាតិ និងអន្តរជាតិជាច្រើន និងមួយចំនួនទៀតកំពុងបន្តការសិក្សារបស់ខ្លួននៅបរទេស ទាំងថ្នាក់អនុបណ្ឌិត ទាំងថ្នាក់បណ្ឌិត។
ឆ្នាំ២០១៩នេះ និស្សិតដែលកំពុងត្រៀមខ្លួន ឡើងការពារស្នាដៃសារណារបស់ខ្លួនក្នុងពេលបន្តិចទៀតនេះមានចំនួន១១នាក់ ក្នុងនោះមានស្រី៣នាក់។ ប្រធានបទដែលត្រូវឡើងការពារនៅពេលនេះ មានក្នុងផ្នែកបុរាណវិទ្យាចំនួន១០ប្រធានបទ និងផ្នែកនរវិទ្យា ចំនួន១ប្រធានបទ។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានសិល្បៈ(Institute Seni Indonesia)
ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៩
នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចំនួន២៦រូប មកពីវិទ្យាស្ថានសិល្បៈ (Institute Seni Indonesia) ដែលមានទីតាំងនៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី។
គណៈប្រតិភូទាំង២៦រូបដឹកនាំដោយលោកស្រីសាស្ត្រាចារ្យបណ្ឌិត Hermien Kusmayati និងសាស្ត្រាចារ្យចំនួន៥រូបទៀតដែលជាថ្នាក់ដឹកនាំ របស់វិទ្យាស្ថានសិល្បៈ Institute Seni Indonesia។ សមាជិកគណៈប្រតិភូដទៃទៀតគឺជានិស្សិតផ្នែករបាំ និងតូរ្យតន្ត្រី។
នាជំនួបរវាងថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ និងគណៈប្រតិភូ នៃវិទ្យាស្ថានសិល្បៈ Institute Seni Indonesia ភាគីទាំងពីរបានលើកពីសក្តានុពលនៃស្ថាប័នរបស់ខ្លួនរៀងៗខ្លួនដើម្បីឈានទៅរកការពង្រឹងវិស័យណាមួយតាមស្ថានភាពជាក់ស្តែង។
ជាមួយគ្នានោះដែរ ភាគីទាំងពីរមានគម្រោងនឹងធ្វើសហប្រតិបត្តិការនាថ្ងៃអនាគតដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យ និងនិស្សិតនៃស្ថាប័នទាំងពីរ អាចផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកទាក់ទិននឹងវិស័យសិល្បៈ និងវប្បធម៌ និងឈានទៅរកការចុះអនុស្សរណៈរួមគ្នា។
ក្រោយពីពិភាក្សាគ្នារួច ភាគីទាំងពីរបានធ្វើការសម្តែងសិល្បៈរួមគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្នែកសិល្បៈនិងពង្រឹងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ រវាងស្ថាប័នទាំងពីរ។
ការបង្ហាញស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រជំនាន់ទី១៨របស់មហាវិទ្យាល័យតូរ្យតន្រ្តី
ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៩
កាលពីព្រឹកថ្ងៃអង្គារ ១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការនៃមហាវិទ្យាល័យតូរ្យតន្រ្តី បានរៀបចំការបង្ហាញស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រជំនាន់ទី១៨របស់ខ្លួន ក្រោមអធិបតីភាព បើកឲ្យ ដំណើរការកម្មវិធីដោយ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការស្ដីទី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ការបង្ហាញស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រឆ្នាំនេះ យើងទទួលបានបេក្ខជនចំនួន១៥រូបរួមមានៈ ឯកទេស ជាតិពិន្ទុតន្រ្តីវិទ្យា ចំនួន២រូប ឯកទេសឧបករណ៍ ឃឹម ចំនួន៣រូប ឯកទេសឧបករណ៍ រនាតឯក ចំនួន២រូប ឯកទេសឧបករណ៍ ស្គរ (Drum set ស្គរអន្តរជាតិ) ចំនួន២រូប ឯកទេស ចម្រៀងជាពួក ចំនួន៤រូប ឯកទេស ចម្រៀងបុរាណ ចំនួន១រូប និងឯកទេស និពន្ធតន្រ្តី ចំនួន១រូប។ នេះជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលបានពីការខិតខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្សលើវិស័យវប្បធម៌សិល្បៈ ជាពិសេសសិល្បៈតូរ្យតន្រ្តី។
កម្មវិធីនៃការបង្ហាញស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រជំនាន់ទី១៨ នៃមហាវិទ្យាល័យតូរ្យតន្រ្តីបានបញ្ចប់ទៅនៅល្ងាចថ្ងៃពុធ ២ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ប្រកបដោយផ្លែផ្កា ក្រោមអធិបតីភាពប្រកាសបិទកម្មវិធីដោយ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការស្ដីទីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៩
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះអនុស្សរណៈរួមគ្នា
កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រុមហ៊ុន ជីប ម៉ុងគ្រុប បានចុះអនុស្សរណៈរួមគ្នា។ ភាគីហត្ថលេខីគឺលោកបណ្ឌិត ហេង សុផាឌី តំណាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង លោកបណ្ឌិត អ៊ឹម សុធារិទ្ធ តំណាងក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយមានការចូលរួមជាអធិបតីភាពនិងសក្សីពីសំណាក់ ឯកឧត្តម សោម សុគន្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះជាការពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងគ្នានិងគ្នា និងដើម្បីរួមចំណែកដល់ការអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ជាតិ។ ជាក់ស្តែងក្រុមហ៊ុន ជីបម៉ុង គ្រុប បានជួយជួសជុលដំបូលអគារ”D” នៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដែលមានសភាពចាស់ទ្រុឌទ្រោម អោយបានល្អប្រសើរឡើងវិញ ប្រកបដោយសាភណ្ឌភាព គុណភាព និងធានាបាននូវសុវត្ថិភាពខ្ពស់។
មិនតែប៉ុណ្តោះ ក្រុមហ៊ុនក៏បានផ្តល់ឳកាសដល់និស្សិតនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា បានចូលរួមហាត់ការជាមួយអ្នកជំនាញរបស់ក្រុមហ៊ុនក្នុងគម្រោងជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្ថភ្នំដែលជានិមិត្តរូបនៃរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានផ្តល់ឳកាស និងបង្កភាពងាយស្រួលឱ្យនិស្សិតបានចុះធ្វើកម្មសិក្សានៅតាមការដ្ឋានសំណង់ និងរោងចក្រនានារបស់ក្រុមហ៊ុន។
ដំណើរទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រី នេប៉ាល់
ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០១៩
នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបានផ្តល់កិត្តិយសដោយរាជរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោកជំទាវ រ៉ាឌីកា សាក្យា ភរិយាឯកឧត្តម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រី នេប៉ាល់ អមដំណើរដោយសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
នាដំណើរទស្សនកិច្ចនេះ ភ្ញៀវកិត្តិយសបានទស្សនាការបង្ហាញស្នាដៃនិស្សិតរបស់មហាវិទ្យាល័យនីមួយៗ និងទស្សនាការសម្តែងសិល្បៈរបស់សិស្ស សាលាមធ្យមវិចិត្រសិល្បៈ។